ហោះ​ហើរ

20140712_084741[1]

ម៉ោង​៧​ព្រឹក​ ខ្ញុុំខំ​រួតរះងូត​ទឹក​ រៀប​ចំ​ខ្លួន​ឱុ្យ​ស្អាត​បាត។ បន្ទាប់​មក​ក៏​ទាញ​កង់​មិត្ត​ភិក្ត​ទៅ​ញ៉ាំ​នំ​បញ្ចុក​នៅ​ផ្សារ​ជិត​ផ្ទះ សម្រាប់​អាហារ​ពេល​ព្រឹក​មុន​ពេល​ចេញ​ដំណើរ​  ហើយ​ណា​មួយ​ចង់​ភ្លក់​រស​ជាតិ​នំ​ខ្មែរ​មុន​បែក​គ្នា​ផង។ ញ៉ាំ​រួច​រាល់​ហើយ​ ក៏​ឆ្លៀត​ទៅ​ហៅ​ម៉ូតូ​ឌុប​។

ដើរ​លា​មិត្ត​ភក្តិ​មួ​យ​ត្រួស រួច​ក៏​ឡើង​ម៉ូតូឌុប​ទៅ​ជួប​ម្តាយ​ និង​ប្អូនៗ​ដែល​មក​យក​កង់​បី​មក​ទទួល។ ក្រោយ​ជួប​គ្នា​ហើយ ក៏​ឡើងកង់​បី​ទាំង​អស់​គ្នា​ទៅ​ព្រលាន​យន្តហោះ។

មិត្តភិក្តជិត​ស្និទ្ធមួយ​ចំនួន​ បាន​ចាំ​ខ្ញុំ​នៅ ព្រលាន។ យើង​និយាយ​គ្នា​លេងមួយ​សន្ទះ ហើយថតរូប​ជុំ​គ្នា​បួន​ប្រាំ​ប៉ុស្តិ៍។

ពេល​វេលាបាន​មក​ដល់​ហើយ! ខ្ញុំ​នឹង​មិត្តរួមដំណើរ​ម្នាក់​ទៀត យើង​នាំ​គ្នា​ចូល​កន្លែង​ត្រួត​ពិនិត្យសន្តិសុខ មុខ​ពេល​ឡើង​យន្តហោះ។ នេះ​មិនមែន​ជា​លើក​ទី​១សម្រាប់​ពួកយើង​ទេ ក្នុង​ចេញ​ទៅ​បរទេស​នោះ។

តែ​លើក​នេះ​ខុស​ពី​លើកមុនៗ ដែល​យើង​ចេញ​ទៅ​ធ្វើ​កម្មសិក្សា​ក្នុងនាម​សាលាជ្រើសរើស។ យើង​ទទួលបាន​ការ​យល់​ព្រម​ពី​មូល​និធិ​ខុនរ៉ាដ ទៅ​ហាត់ការ​នៅ​Rappler.com ដែលជាស្ថាប័ន​ព័ត៌មាន​ (Online News) មាន​ឈ្មោះ​បោះសម្លេង​មួយ​នៅ​ក្នុង​ប្រទេស​ហ្វីលីភីន។

20140712_092530[1]ក្រឡេក​ទៅ​មើល​ទ្រនិច​នាឡិកា ម៉ោង​៩ និង​៣៥នាទី។ យន្តហោះ​ចាប់​ផ្តើម​បង្វែរ​ក្បាល​បន្តិចម្តងៗ​​ នៅ​លើ​ផ្លូវ​កៅស៊ូដែល​មាន​ខ្សែ​បន្ទាត់​ពណ៌លឿង​ខ្វាត់​ខ្វែង។ ប្រហែល​៥នាទី​ក្រោយ​មក ខ្ញុំ​បាន​នៅលើ​អាកាសទៅ​ហើយ។ ពេល​មើល​មក​ក្រោមវិញ ឃើញ​ដុំ​ពពក​រសាត់​នៅ​កៀក​បង្កើយ។ កុំ​តែ​កញ្ចក់​យន្តហោះ​បាំង កុំ​អី​យក​ដៃ​ចាប់​បានបាត់! ឃើញ​ដំបូល​ផ្ទះ​ក្រហម​ព្រាលៗ វាល​ស្រែ​បៃ​តង​ខ្ចី ទឹក​ទន្លេ​ខៀវ​ស្លែត។

ប្រហែល​ពី​រម៉ោង​ក្រោយ​មក កប៉ាល់​ហោះ​បាន​ចុះ​ចត​នៅ​ព្រលាន​Changi ប្រទេស​សិង្ហបុរី។ ខ្ញុំ​ត្រូវ​រង់​ចាំ​ប្រហែល​មួ​យ​ម៉ោង​ទៀត​ដើម្បី​ប្តូរ​យន្តហោះ​ បន្តដំណើរ​ឆ្ពោះទៅ​ទី​ក្រុង​ម៉ានីល។

និយាយ​រឿង​បរិភោគ​នៅ​លើ​យន្ត​ហោះវិញ ត្រូវ​ចិត្ត​ខ្ញុំ​ស្កូក​តែ​ម្តង។​ ខាង​មូល​និធិ​ខុនរ៉ាដ​ គេ​រៀបចំ​ឱ្យ​ខ្ញុំ​ជិះ​កបាល់​ហោះរបស់​ក្រុមហ៊ុន​សិង្ហបុរី (SilkAir, Singapore Airline)។ ខ្ញុំ​កុម្ម៉ង់​សាច់​មាន់​ ប៉ាស្តា លាយ​ដំឡូង​ ព្រម​ទាំង​ទឹក​កូកា។

មើល​! ខ្ញុំ​ឃើញ​ទូក កប៉ាល់ កោះ​ជាច្រើន​នៅ​កណ្តាល​មហាសមុទ្ទ។ មើល​នោះ​! ខ្ញុំ​ឃើញ​ដំបូល​ផ្ទះ​ប្រជាជន​ សង់​នៅ​ប្រប​នឹង​ឆ្នេរ​សមុទ្រ។ អ្ហា! ជិត​ដល់​ពេល​ចុះ​ចត​ហើយ​តើ!

វា​ស៊ី​ពេល​ប្រមាណ​ប្រាំ​ម៉ោង​នៅ​លើយន្តហោះ ទំរាំ​មក​ដល់​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីភីន។

ខ្ញុំ​មាន​អារម្មណ៍​ហត់និង​វិល​មុខជាខ្លាំង តែ​មាន​អារម្មណ៍​សប្បាយ​បន្តិច ពេល​ដើរ​មក​ដល់​ក្នុងព្រលាន​យន្តហោះ​របស់​ក្រុង​ម៉ានីល។​ 😦 🙂

20140712_101944[1]

Advertisements
បានផ្សាយ​ក្នុង ធ្វើ​ដំណើរ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ធ្វើការនៅកូរ៉េ?

មិត្តរបស់មិត្តរួមបន្ទប់ខ្ញុំ ជាគរុនិសិ្សតត្រៀមបញ្ចប់នៅប៉ុន្មានខែខាងមុខនេះ។ គាត់បានជិះកប៉ាល់ហោះទៅកូរ៉េខាងត្បូូងកាលពីយប់មិញ។

ពេលសួរមិត្តរួមបន្ទប់ខ្ញុះថា៖ «គាត់ទៅធ្វើអីដែរបង?»

គាត់តបយ៉ាងរហ័សថា៖ «វាទៅធ្វើការនៅកូរ៉េ។»

«ធ្វើការនៅកូរ៉េ?» ខ្ញុំសួរ។

«នឹងហើយ។ គឺទៅធ្វើកម្មករនៅបរទេស។» មិត្តខ្ញុុំគាត់បញ្ជាក់។
«បងរកទៅដែរហើេយ នៅរៀនធ្វើអី ម៉ារៀនចប់ទៅ ទៅធ្វើគ្រូ បានប្រាក់ខែមិនបាន៨០ម៉ឺនផង។ គេទៅធ្វើកម្មករស្រុកគេតែពីរបីឆ្នា មកវិញធ្វើផ្ទះប៉ពិនណាណី។ ក្លាយជាសេដ្ឋីស្រុកស្រែមួយរំពេច។ អែងខំរៀនរាប់ឆ្នាំ ចេញធ្វើការទៅ មិនស្រួល រកតែប្រពន្ធមួយមិនបានផង!»

គាត់ត្អូញថា៖ «បើចឹងៗ អ្នកភូមិគេមិនឱ្យតម្លៃអ្នករៀនសូត្រទេ។ ឱ្យយកគំរូតាមម៉េចបាន? បើពេលទៅស្រុកម្តងៗ ឃើញទារតែលុយម៉ែ តែអ្នកទៅធ្វើកម្មករនៅស្រុកគេ មកម្តងៗ ហឺហារ យកលុយមកឱ្យម៉ែ ចែកបងចែកប្អូន។»

បានផ្សាយ​ក្នុង ឆ្លុះ​បញ្ចាំង | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ចំណាយ​ពេល​១១៩នាទី​ធ្វើ​អី្វ?

បន្ទាប់​ពី​ប្រឡង​ឆមាស​បញ្ចប់​ការសិក្សា​ឆ្នាំ​ទី​៣​រួច​មក ខ្ញុំក៏​ចូល​ទៅ​មើល​សិស្ស​ច្បង​ខ្ញុំ​ គាត់​ឡើង​ធ្វើ​បទ​បង្ហាញការពារ​សារណា​។

ក្រោយ​នឹង​មក​ ខ្ញុំ​ក៏​ចំណាយ​ពេល​១១៩​នាទី អង្គុយ​មុខ​កញ្ចក់​កុំ​ព្យូទ័រ​។ គ្មានធ្វើ​អី​ក្រៅ​ពី​មើ​ល​រឿង​នោះ​ទេ។

រឿង​ដែល​ខ្ញុំ​មើល​នៅថ្ងៃ​នេះ ជា​ភាព​យន្ត​ទម្រង់​កំប្លែង​បន្តិច។ វា​ជា​រឿង​ដែល​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​៩១​លាន​ដុល្លារ​អាមេរិច។

photo

តាម​ពិត​រឿង «The Internship» ចេញ​តាំ​ង​ពី​ខែ​មិថុនា​ ឆ្នាំ​ទៅ​ម្ល៉េះ។​

ឆ្នាំ​មុននឹង ខ្ញុំ​ បាន​មើល​ម្តងដែរ​ តែ​មើល​បាន​ប្រហែល​៥នាទី​ មិន​សូវ​ចាប់​អារម្មណ៍​ ក៏​ឈប់​មើល​ត្រឹម​នាទី​ទី​៥នឹង​ទៅ​។​​ ដល់​ថ្ងៃ​នេះ មាន​អារម្មណ៍​ប្លែក​ ចាប់​ចិត្ត​តែ​ម្តង ធ្វើ​ឱ្យ​ខ្ញុំ​អង្គុយមើល​ទាល់​តែ​ចប់។

The Internship មានលោក​Shawn Levy ជា​អ្នក​ដឹក​នាំ​រឿង លោក​ Vince Vaughn និង​Jared Stern ជា​អ្នក​និពន្ធ​រឿង ហើយ​ផលិតដោយ​Vaughn និងLevy. ចំណែក​តួ​អង្គ​សំខាន់​នៅក្នុ​ងរឿង​មាន Vince Vaughn និង Owen Wilson។

រឿង​នេះ​និយាយ​ពី​ទិដ្ឋភាព​ការងារ​ហាត់ការ​នៅ​ក្រុមហ៊ុន​យក្ស Google  ​ចឹង​ហើយ​ ភាព​យន្ត​នេះ បាន​ថត​នៅ​ទីតាំង​ផ្ទាល់​របស់​ការិយាល័យ​ស្នាក់ការ​កណ្តាល​​ក្រុម​ហ៊ុនGoogle នៅទី​ក្រុង​កាលី​ហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិច​។

សម្រាប់​ខ្ញុំ The Internship ​បាន​ផ្លាស់​ប្តូរ​ការ​គិត​ខ្ញុំ​ជាច្រើន ព្រម​ទាង​ផ្លាស់​ប្តូរ​​អាកប្បកិរិយា​ខ្ញុំ​ផង​ដែរ។

មុនៗមក ខ្ញុំ​យល់​ថា នៅ​ពេល​ដែល​ខ្ញុំ​​ធ្វើ​កំហុង​ឆ្គង​អ្វី​មួួយ​នៅក្នុង​ក្រុម ខ្ញុំ​តែ​ង​នៅ​ស្ងៀម​ស្ងាត់ មិន​ហ៊ាន​ជជែក​អ្វី​តជា​គេ​ទៀត​ទេ​ ដោយ​ខ្ញុំ​យល់​ថា វា​ជា​ទង្វើ​ដែល​បង្ហាញ​ថា ខ្ញុំ​ទទួល​ដឹង​កំហុស​ខ្លួន​ឯង​។ ក៏ប៉ុន្តែ​នៅ​ក្នុ​ងរឿង​នេះ បានប្រាប់​ខ្ញុំ​ថា យើង​មិន​គួរ​នៅ​ស្ងៀម​ដោយ​មិន​បញ្ចេញ​សកម្ម​ភាព​អ្វី​នោះ​។ យ៉ា​ង​ហោច​ណាស យើង​គួរ​រិះ​រក​គំនិត​ ឬ​ដំណោះស្រាយ​ថ្មី​ៗ មក​ជួ​យមិត្ត​រួមក្រុម។ យើង​គួរ​និយាយស្តី​ ឬ​អាច​បង្កើត​បរិយាកាស​រីករាយ ដើម្បី​បន្ធូ​បន្ថយ​ស្ថានការណ៍។ សូមកុំ មាន​អារម្មណ៍​ខុស​ ជ្រុល​ពេក វា​អាច​ធ្វើ​ឱ្យ​យើ​ង​បាត់​បង់​ទំនុក​ចិត្ត។

មួយទៀត សាមគ្គី​ភាព​ មាន​តម្លៃ​ណាស់​ក្នុង​ការងារ​ក្រុម​។ សមាជិក​ម្នាក់ៗ​ គួរ​យល់ពី​ទេពកោសល្យ និង​សមត្ថភាព​របស់​សមាជិក​ខ្លួន។ មិន​ប្រាកដ​ថា អ្នក​ពូកែ​ប៉ុណ្ណា នឹងចេះ​ដឹង​ និង​យល់​គ្រប់​បញ្ហានោះ​ទេ។​ ជួនកាល​អ្នក​ដែល​ចាស់ ឬ​មិន​សូវ​រៀន​ពូកែ តែ​ពួកគេ មាន​គំនិត​ដ៏​មហស្ចារ្យ​ដែល​មិន​អាច​នឹក​ស្មានដល់។ កុំ​មើល​មនុស្ស តែ​សំបក​ក្រៅ!​ ត្រូវ​ចេះ​ស្តាប់ យល់ និង​ឱ្យ​តម្លៃ​គ្នាទៅ​វិញ​ទៅមក។ ស្តាប់​ឱ្យ​ជាក់​ សឹម​ញាក់​ចិញ្ចឹម!

tumblr_inline_mte726KEAg1qcrbdc

តួ​ដែល​សម្តែង​ជា​អ្នក​មិនសូវ​ឱ្យ​តម្លៃ​លើ​​មនុស្ស​ចាស់​ដែល​ចូល​ធ្វើការងារ​ក្រុមជាមួយ​ខ្លួន​ក្នុង​រឿង​The Internship

 

មិត្ត​ភាព​ មាន​តម្លៃ​ធំធេង​មិន​អា​ចកាត់​ថ្លៃ​បាន។ មាន​មិត្ត​ល្អហើយ​​ ត្រូវ​ចេះ​ថែរក្សា។ មិត្ត​ល្អ​ គឺ​ចែក​រំលែក​សុខទុក្ខ​គ្នា មិនថា​អ្វី​បាន​កើត​ឡើង ហើយ​នាំ​គ្នា​រក​ដំណោះស្រាយ​រួម​។ មិត្តល្អ គឺ​មិន​បោះ​បង់​គ្នា​ក្នុង​គ្រា​ក្រ។ មិត្ត​របស់​អ្នក​ ពិត​ជា​ត្រូវ​ការ​អ្នក​ណាស់  នៅពេល​គេ​ស្ថិត​ក្នុង​ស្ថានការណ៍​តាន​តឹង​មួយ។ ប្រសិន​បើ​អ្នក ធ្វើ​ជា​មិន​ដឹង​ មិន​យល់​ មិន​ឮ​ទេនោះ អ្នក​នឹង​បាត់​បង់​មិត្ត​មួយ​ហើយ។

ចុង​ក្រោ​យ​ដែល​ខ្ញុំ​ចង់​និយាយគឺ ការងារ​មិន​ប្រកាន់​អាយុ​ទេ។ ឱ្យ​តែ​អ្នក​មាន​ឆន្ទៈ​ពិត អ្វី​ក៏​ដោយ​ ក៏អ្នក​អាច​ធ្វើ​បាន មិន​ខ្វល់​ពេល​ណា កន្លែង​ណា និង​ជាមួយ​អ្នក​ណា​នោះ​ទេ។​

ប្រសិន​បើ​មាន​ពេល​ ខ្ញុំ​ស្នើ​ឱ្យ​អ្នក​រាល់​គ្នា​ មើល​រឿង​The Internship ​នេះ​ ជា​មួយមិត្ត​ជិត​ស្និទ្ធិ ឬ​ក្នុង​ថ្នាក់​រៀន​ក៏បាន។

 

 

បានផ្សាយ​ក្នុង ក្នុ​ងភាគយន្ត, ឆ្លុះ​បញ្ចាំង | បានដាក់ពាក្យ​គន្លឹះ , , , , , , , | បញ្ចេញមតិ

Girl Rising ភាព​យន្ត​ឯកសារ​ដែល​​ធ្វើ​ឱ្យ​ខ្ញុំ​ស៊ី​អារម្មណ៍​​

Girl-Rising-1_3

តួអង្គ​តំណាង​ក្មេង​ស្រី​កម្ពុជានៅក្នុង​រឿងGirl Rising

មិញ​នេះ ខ្ញុំ​ទើប​មើល​ភាព​យន្ត​ឯកសារ Girl Rising។ ទាំង​ការ​ពិព័រណ៌នា និង​រូបភាព ទាក់​ចិត្ត​ខ្ញុំ​ឱ្យ​អង្គុយ​មើល​មិន​ព្រិច​ភ្នែក​ទាល់​តែ​អស់​ ១​ម៉ោង​ ៤៤នាទី។ រឿង​នេះ​ និយាយ​ពី​ស្ថានភាព​ក្មេង​ស្រី​ប្រាំបួន​នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំបួន​ រួម​មាន​នេប៉ាល់ ឥណ្ឌា ប៉េរូ សេឡាឡេ​អូន អាប់​ហ្គានី​ស្ថាន ហៃ​ទី អេច្យូពី អេហ្សុីប ព្រម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។​

នៅ​ក្នុងសាច់​រឿង ក្មេង​ស្រី​ទាំង​នេះ មិន​បាន​ទៅ​សាលា​រៀន ឬ​មិន​ចេះ​អាន​ និង​សរសេរ ដោយសារ​តែ​រនាំងសង្គម ប្រពៃ​ណី និង ភាព​ក្រី​ក្រ។

នរណា​ដែល​ថា​ចង់​ធ្វើ​ខ្ញុំ​គេ? ចម្លើយ​ «ទេ»​នឹង​ឮចេញ​មុន​គេពី​បបូរ​មាត់​ក្មេង​ស្រី​ដែល​កំពុង​លាង​ចាន បោស​ផ្ទះ កាត់​ដេរ និង​ ខ្លះ​ឈរ​ហាល​ថ្ងៃ​ ហាល​ភ្លៀង បោះឥដ្ឋ លើក​កំបោរ។

នៅ​ក្នុង​រឿង​នេះ សមិទ្ធិករ Kayce Freed, Tom Yellin និង Holly Gordon បាន​បោះ​ឃ្លា​មួយ​ថា៖ «​ចំណេះ​ដឹង​ ជា​អំណាច»។

ខ្ញុំ ដែល​អាច​ឈាន​ជើង​ចូល​ជជែក​ និង​ពិភាក្សា​ ជាមួយ​រដ្ឋ​មន្ត្រី សមាជិក​រដ្ឋ​សភា មន្ត្រី​ការទូត អ្នក​ច្បាប់ តារា​ល្បីៗ និង​មនុស្ស​មាន​ឥទ្ធិពល​ដទៃ​ៗ​ទៀត​ទាំង​ក្នុុង​ស្រុក និង​បរទេសបាន​ ក៏​ដោយ​សារ​តែ​ចំណេះដឹង​ដែរ។ អាង​អី​ឋានៈ​ត្រឹម​កូន​អ្នក​ស្រែ ម៉ែ​លក់​ម៉ាំ​នៅ​ផ្សារប៉ុណ្ណឹង គេ​ណាឱ្យ​ចូល​ជួប។ បើ​កុំ​តែ​វិជ្ជា និង​ពុទ្ធិ​ដែល​មាន​ កុំ​អី​តែ​មុខ​ គេ​ខ្ពើម​មើល​ផង​មើល៍​ទៅ។

ខ្ញុំ​តែ​ងទន្ទេញ​ចាំ​ក្នុង​ខួរ​ថា៖ «​ចំណេះ​ដឹង​ទី​មួយ សុភមង្គល​ទីពីរ»។ បើ​គ្មាន​ទ្រព្យ​វិជ្ជា​ទេ ដឹង​បាន​អី​អាង​ទេ ត្រឹម​ជា​កូន​អ្នក​ក្រខ្សត់​បែបនេះ។ អីចឹង​ហើយ បាន​តស៊ូ ស៊ី​អត់​ស៊ី​ឃ្លាន លី​កង់​កញ្ចាស់ ខោ​អាវ​ម៉ា​ថង់ និង​ឡាំង​សៀវ​ភៅ​មួយកេះ មក​រៀ​ន​នៅ​ក្រុ​ង​នឹង​គេ ដែល​ពេល​ខ្លះ​ដេក​អត់​បាយ​ក៏​មាន។ តែ​ខ្ញុំ​មិន​ដែល​តូចចិត្ត​ដែល​កើត​មក​ មិន​មាន​ទ្រព្យ​ដូច​គេ​នោះ​ទេ តែ​ខ្ញុំ​នឹង​តូច​ បើខ្ញុំ​មិន​ចេះ​ដឹង​ដូចគេ។ បើ​ម៉ែ​ខ្ញុំ​ឮពាក្យ​នេះ​ មិនដឹងយ៉ាងណាទេ! មិន​ប្រាប់​ពី​រឿង​លំបាក​ចឹងៗ​ដល់​គាត់​ទេ ខ្លាច​គាត់​ពិបាក​ចិត្ត។ ណាមួយ​គាត់​ត្រូវ​ខំ​រក​ស៊ីចិញ្ចឹម​ប្អូន​ៗ​ផង បើឱ្យ​គាត់​ចំណាយ​ពេល​មក​ស្ត្រេស​នឹង​រឿង​ខ្ញុំ​ទៀត ហាក់​ដូចជា​មិន​មាន​ខួរ​សោះ។

មើ​ល​រឿង​នេះ​ហើយ ខ្ញុំ​មាន​មោកភាព​នឹង​អ្វី​ដែល​បាន​ខំ​ប្រឹង​និ​ង​ពុះពារ​កន្លង​មក។ យ៉ាងហោច​ណាស់ ក៏​ខ្ញុំ​មិន​បាន​ធ្វើ​ម៉ែ​ខ្ញុំ​​ស្រក់​ទឹក​ភ្នែក​​ដោយសារ​ខ្ញុំ ដែល​គាត់​ជា​អ្នក​លួង​ខ្ញុំ​ឱ្យបាត់​យំ​មុន​គេ​ក្នុ​ងលោក​នេះ។

ប្រសិន​បើ​អ្នក​រាល់​គ្នា មាន​ពេល គួរ​មើល​រឿង​Girl Rising នេះ ដើម្បី​ជា​ការ​កែ​អផ្សុុក​។ មើលលេងៗ​ទៅ ពេល​ចប់​អ្នក​នឹង​មាន​អារម្មណ៍​មែន​ទែន​ហើយ។

នេះ​ជា​ដំណភ្ជាប់ សម្រាប់​អ្នក​ណា​ដែល​ចង់​ទាញ​យក​រឿង​នេះ​ទុក​មើល។ សូម​ចូល​ទៅ​កាន់ ​Express Files រួច​វាយ​ពាក្យ​Girl Rising បន្ទាប់​មក​ចុច​នៅ​លើ​ប៉ូតុង​Download ដែល​ស្ថិតនៅ​ខាង​ស្តាំ​ដៃ​។

បើ​មាន​បញ្ហាអី​​ចង់​សួរ​បន្ថែម សូម​សរសររ​មក​ខ្ញុំ​មក​ តាម​រយៈ​Comment ខាង​ក្រោម​ក៏​បាន៕

សង្ខេប | Posted on by | បានដាក់ពាក្យ​គន្លឹះ , , , , | បញ្ចេញមតិ

បទសម្ភាសស្តី​ពី បុណ្យភូមិទម្រង់ខ្មែរបុរាណ

ពិធី​បុណ្យ​ទម្រង់​ខ្មែរ​បុរាណ​មួយ ដែល​ស្ទើរ​តែ​បាត់​ស្រមោល ត្រូវ​បាន​រៀប​ចំ​ដោយ​យុវជន​កម្ពុជា​មួយ​ក្រុម។ បុណ្យ​ ត្រូវ​បាន​ប្រព្រឹត្តឡើង​នៅ​វត្ត​ព្រែក​ថ្លឹង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​មាន​រយៈ​ពេល​៣​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​៦​ ដល់​ទី​៨ ខែ​មេសា ឆ្នាំ​២០១៤។

យើង​បាន​ជួ​ប​សម្ភាស​ជា​មួយ​​កញ្ញា​ រិទ្ធី​ លំអរ​ពេជ្រ ដែល​ជា​​អ្នក​ចាត់​ការ​ទូទៅ​​នៃ​កម្ម​វិធី​បុណ្យ​ភូមិ​។ មាន​វ័យ​២២​ឆ្នាំ បច្ចុប្ប​ន្ន​ កញ្ញា ពេជ្រ ជា​និ​ស្សិត​ឆ្នាំ​ទី​៤​ នៃ​ដេប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​សារគមនាគមន៍ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

១.​ តើ​បុណ្យ​ភូមិ​ជា​អ្វី?

បុណ្យ​ភូមិ  ជា​បុណ្យ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ ឬ​ទី​វត្ត​អារាម ដែល​ជា​ទម្រង់​បុណ្យ​បុរាណដើម្បី​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ វា​ជា​បុណ្យ​សប្បាយៗ ដែល​អាច​ឱ្យ​ប្រជាជន មក​កម្សាន្ត​សប្បាយ រាំ​លេង លេង​ល្បែង​ប្រជាប្រិយ​ ចែក​រំលែក​ភោគ​ផល​ដែល​គាត់​ប្រមូល​បាន។ បុណ្យ​នេះ​មិន​មាន​ទម្រង់​ ឬ​ក្បួន​ខ្នាត​ណា​មួយ​ច្បាស់លាស់​ទេ វា​អាស្រ័យ​លើ​ចំណង​ចំណូល​ចិត្ត​ប្រជាជន​នីមួយ​ៗ ថា​គាត់​ចូល​ចិត្ត​បែបណា។

២. តើ​នរណា​គេ​ខ្លះ​ដែល​ជា​អ្នក​រៀប​ចំ​បុណ្យ​នេះ?

កម្មវិធី​នេះ មាន​អ្នក​រៀប​ចំ​ឡើង​ពីរ​ក្រុម​ គឺ​ខាងស្ថានីយ​​វិទ្យុ​អេប៊ី​ស៊ី និង​ក្រុម​ភ្លើង​គប់ ដែល​ជា​យុវជន​មួយ​ក្រុម​ស្រលាញ់​វិស័យ​សិល្បៈ​ខ្មែរ​។

៣. តើ​អ្វី​ដែលធ្វើ​ឱ្យ​បុណ្យ​នេះ​អាច​ទាក់​ទាញ​អ្នក​ចូល​ទស្សនា​?

បើ​និយាយថា បុណ្យ​នេះ​ពិសេស​ វា​មិន​ពិសេស​ទេ តែ​គ្រាន់​ថា វា​ជា​ពិធី​បុណ្យ​ខ្មែរ​ ដែល​ជិត​បាត់​បង់។ អ្វី​ដែល​យើង​គិតថា វា​ប្លែក​សម្រាប់​អ្នក​ទី​ក្រុង​ និង​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញនោះ គឺ បុណ្យ​នេះ​ផ្តល់​ឱកាស​ឱ្យ​ពួកគាត់​ លេង​ល្បែង​ប្រជាប្រិយ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ។ បន្ថែម​លើ​នេះ យើង​មាន​ការ​ដាក់​តាំ​ង​ពិព័រណ៍​ផលិត​ផល​ខ្មែរ ហើយ​ពិសេស​ទៀត​នោះ គ្មាន​ការ​ប្រើប្រាស់​ប្លាសិ្ទក សូម្បី​តែ​រោង​ ក៏យើង​ធ្វើ​ពី​ឬ​ស្សី និង​ស្បូវ​ដែរ។ នៅ​ពេល​ដែល​យើង​ចូលរួម​ទៅ មាន​អារម្មណ៍ថា​ ដូច​បរិយាកាស​ នៅទី​ជន​បទ​ចឹង។ ចំណុច​ពិសេស​មួ​យ​ទៀត យើង​មាន​កម្ម​វិធី សម្តែង​ល្ខោន​ស្បែក ធំ ល្ខោន​​បាសាក់ តន្ត្រី​​ថូន។ បើ​នៅ​ថ្ងៃ​ធម្ម​តា ល្ខោន​ទាំង​អស់​នឹង​ ពិបាក​នឹង​មាន​ឱកាស​មើល។ បន្ថែម​ពី​នេះ បុណ្យ​ភូមិ​ មាន​​កម្មវិធី​បវរ​កញ្ញា​ធ្លាក់​ទឹក ដែលបាន​បាត់​ប​ង់តាំ​ង​សម័យ​សង្រ្គាម​មក។ យើង​ធ្លាប់​តែ​ឮចាស់​និយាយ ឥឡូវ​ ​យើង​យកវា​​មក​វិញ។​

៤. តើ​អ្វី​ដែល​ជំរុញ​ចិត្ត​ក្រុម​កញ្ញាឱ្យ​បង្កើត​កម្មវិងធី​នេះ​ឡើង?

ដំបូង​ឡើយ ពួក​យើង​ចង់​ធ្វើ​ពេល​បុណ្យ​អ៊ុំ​ទូក អក​អំបុក​​ទេ ព្រោះ​ពេល​បុណ្យ​អក​អំបុក​ម្តងៗ នៅ​ភ្នំពេញ មិន​សូវ​​អ៊ូ​អរ មិន​មាន​មនុស្ស​ប្រារព្ធច្រើន​​ទេ។ ក៏​ប៉ុន្តែ វា​នៅ​ពេល​យូរពេក​។ មួយ​ទៀត ពេល​ខ្ញុំបាន​ទៅ​លេង​នៅ​បរទេស ខ្ញុំ​ឃើញ​នៅ​ស្រុក​គេ រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​​គគ្រឹក​គគ្រេង​ណាស់។ តែ​នៅ​ខ្មែ​រ​យើងវិញ មិន​សូវ​មាន​អ្នក​ប្រារព្ធ​ច្រើនទេ។​ ចឹង​ពួកយើង ចង់​ឱ្យ​បុណ្យ​នឹង​រស់​ឡើងវិញ។ វា​មិន​មែន​អី​ពិសេស​ណាស់​ទេ តែ​ពួកយើង ចង់​ទូង​ស្គរ​ ប្រាប់​ប្រជាជន​ថា បុណ្យ​ភូមិ នៅ​រស់​​រាន​នៅឡើយ។

៥. តើ​គម្រោង​បុណ្យ​ភូមិ​ ចាប់​ផ្តើម​ដោយ​របៀប​ណា?

ដំបូង​ពួកយើង នាំ​គ្នា​ជជែកគ្នា ថា​យើង​គួរ​ធ្វើ​បែប​ ជា​រូបរាង​ម៉េចដែរ។ តាម​ពិត​ យើង​គ្រោង​ធ្វើតែ​មួយ​ថ្ងៃ​ទេ តែ​យើង​ពិភាក្សា​គ្នាទៅ ក៏យល់​ថាវា​មាន​រយៈ​ពេល​ខ្លី​ពេក។ ពេល​វិទ្យុ​អេប៊ីស៊ី ឃើញគម្រោង​យើង គេ​ក៏​ចាប់​អារម្មណ៍ ហើយ​ជួយ​ផ្សព្វផ្សាយ​។​ យើង​ក៏​ធ្វើការ​ជាមួយ​គ្នា​។  យើង​ពិភាក្សា​គ្នា ថា​គួរ​រៀប​ចំ​កម្ម​វិធី​បែបណាខ្លះ។ កម្ម​វិធី​បែបសិល្បៈ​​វប្បធម៌ប្រពៃ​ណី​ខ្មែ​រ​ កម្រ​មាន​ម្ចាស់​ឧបត្ថម្ភ​ យក​ចិត្ត​ទុកដាក់ណាស់។ ចំណែក​ខាង​ក្រុម​ភ្លើងគប់វិញ​ ពួកគាត់ ឌីហ្សាញ ហើយ​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​​សង្គម រៀបចំរបៀបវារៈ​​កម្មវិធី ​និង​កម្មវិធី​កម្សាន្តសប្បាយ​នានា ព្រម​ទាំង​ដើរ​រក​ជំនួយ​ឧបត្ថម្ភ។

៦. តើ​ត្រូ​វ​ចំណាយ​ពេក​យូរ​ប៉ុណ្ណា ដើម្បី​ឱ្យ​បុណ្យ​ភូមិលេច​ចេញ​ជារូបរាង​បាន?

យើង​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​មករា។ មាន​ន័យ​ថា យើង​បាន​សម្រេច​យោបល់​គ្នាថា​នឹង​ធ្វើ​បុណ្យ​ភូមិ​នេះ​ឡើង។ ដល់​ខែ​កុម្ភៈ និង​មិនា គឺ​រយៈ​ពេល​ពីរ​ខែ​ពេញ យើង​ដើរ​រក​ម្ចាស់​ឧបត្ថម្ភ សិល្បករ អ្នក​សម្តែង សម្ភារៈនានា។

៧. តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ ទម្រាំ​អាច​ឱ្យ​បុណ្យ​ភូមិ​ដើរ​ទៅ​មុខ​បាន?

បើ​និយាយ​ពី​ឧបសគ្គ គឺ​ថវិកា ជា​កត្តា​ចំបង​ជាង​គេ។ យើង​នៅ​​ជា​យុវជន មិន​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដូច្នេះ យើង​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ម្ចាស់​ឧបត្ថម្ភ។ ទីពីរ​ គឺ​កម្លាំង យើង​មាន​យុវជន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​មាន​ឆន្ទៈ​ជួយយើង។ ទីបី បទពិសោធ ព្រោះ​យើង​នៅក្មេង​ មិន​ទាន់​ដឹង​ថា ត្រូវ​ចាប់ផ្តើ​ម​ពី​ណា​ទៅណា​មុន ហើយ​កម្ម​វិធី​ត្រូវ​ប្តូរ ពីចំនួន​១​ថ្ងៃ​មក​៣​ថ្ងៃ​វិញ គឺ​វា​មាន​ទំហំ​ការងារ​ធំ។

៨. ហេតុអ្វី​ចាំ​បាច់ផ្លាស់​ប្តូរ​ចំនួន​ថ្ងៃ​?

មួយ​ថ្ងៃ​វា​មិន​គ្រប់​គ្រាន់​ទេ។ ដំបូង​ឡើយ​ មាន​តែ​ល្ខោន​ស្បែក​តែ​មួយ​ប៉ុណ្ណោះ តែ​យើង​បាន​បន្ថែម​លោ្ខ​ន​បាសាក់ និង​តន្ត្រី​ថូន​ទៀត។

៩.​សម្រាប់​កញ្ញា​ផ្ទាល់ ហេតុអ្វី​ក៏​កញ្ញា​ចាប់​អារម្មណ៍​ចូល​រួម​ជាមួយ​គម្រោង​បុណ្យ​ភូមិ​នេះ?

ខ្ញុំ​ធ្លាប់​ដើរ​ទៅ​បរទេស​ច្រើន ហើយ​ខ្ញុំ​ធ្លាប់​ទៅ​រៀន​នៅ​ប្រទេស​ថៃ​ចំនួន​៤​ខែ។ ដូច​យើង​ដឹង​ហើយថា ខ្មែរ​និងថៃ មាន​បុណ្យ​ចូល​ឆ្នាំ​ដូច​គ្នា។ តែ​នៅ​ថៃ​ បុណ្យ​ចូល​ឆ្នាំ​គេ​ធំ​ណាស់។ មិន​ដូចនៅ​ខ្មែរ ពេល​ចូល​ឆ្នាំ​ យើង​នាំ​គ្នា​ដើរ​លេង​នៅ​តាម​ខេត្ត​នោះ​ទេ នៅ​ថៃ គេ​នាំ​គ្នា​ទៅ​លេង​វត្ត។ គេ​មាន​ដាក់​តាំង​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ លេង​កម្សាន្ត។ ខ្ញុំគិត​ថា នៅ​ខ្មែរ​មាន​ដែរ ហេតុ​អ្វី​ក៏​យើង​មិន​នាំ​គ្នា​ធ្វើ? ​ខ្ញុំ​មែន​ចង់​ចម្លង​ធ្វើ​តាម​គេ​ទេ តែ​វា​ចេញ​ពី​ទឹកចិត្ត​ខ្ញុំចង់​ធ្វើ​តែ​ម្តង។​

១០. តើ​បុណ្យ​ភូមិ​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ខ្លះ?

នៅ​ថ្ងៃ​ទី​មួយ​ យើង​ជោគ​ជ័យ​មែន​ទែន។ យើង បាន​គ្រោង​អ្នក​ចូល​រួម​ចំនួន​២០០០នាក់ តែ​មាន​អ្នក​មក​លើស​ចំនួន។ សម្រាប់​ការ​រៀប​ចំ​កម្ម​វិធី​ទូទៅ គឺ​មាន​ភាព​រលូន​តែ​ម្តង តែ​មាន​អ្នក​លក់​នៅ​តាម​តូប​មួយ​ចំនួន គាត់​មិន​បាន​តាម​ការកត់​ទុក។ ក្រុម​ការងារ​យើង មាន​ការ​សហការគ្នា​បាន​ល្អ។ នៅ​ពេល​ដើរ​សូរ​អ្នកចូល​រួម ពួកគាត់​ញញឹម​ សប្បាយ​រីករាយ​ វា​ដូចជា​បាន​រំឮល​អតីត​កាល​របស់​ពួកគាត់។ ពួកគាត់​កាន់​កន្ទេល​មក​លើ​មើល​ល្ខោន អង្គុយ​មើល​ក្មេងៗ​រាំ ហើយ​ពួកគាត់​ ចង់​ឱ្យ​មាន​រាល់​ឆ្នាំ​ទៀត​។ ខ្ញុំ​ចង់​ប្រាប់ថា មិន​មែន​មាន​តែ​ឆ្នាំ​នេះ​ទេ យើង​នឹង​ព្យាយាម​បង្កើត​នៅ​ឆ្នាំ​ក្រោយៗទៀត៕

Image

កញ្ញា​ រិទ្ធី លំអរ​ពេជ្រ

បានផ្សាយ​ក្នុង សង្គម | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ទេព វន្នី៖ ស្ត្រី​នៃ​សេរី​ភាព​

Image

 

អ្នក​ស្រី​ តែង​តែ​នៅ​តាម​ដង​ផ្លូវ ដើម្បី​បំពេញ​ភារ​កិច្ច​របស់គាត់​។មិន​ដូច​ទៅ​នឹង​​អ្នក​ឯទៀត​ ក​ន្លែង​ធ្វើ​ការ​របស់​គាត់​ស្ថិត​នៅគ្រប់​ទី​កន្លែង ដែល​គាត់​យល់​ថា​អាច​នាំ​យុត្តិ​ធម៌​មក​ជូន​ដល់​សហគមន៍​របស់​គាត់​បាន​។ វា​មិន​ចម្លែក​ពេក​នោះ​ទេ ពេល​ដែល​អ្នក​បាន​ដឹង​ថា គាត់​ធ្វើ​ការ​គ្រប់​ពេល​ មិន​ថា ភ្លៀង​ផ្គរ ឬ​ក្តៅ​ត្រជាក់​យ៉ាង​ណា។ វា​មិន​មែន​ជា​ការ​ងារ​អ្វី​ធំ​ដុំ​ និង​ជាក់​លាក់​នោះ​ទេ វា​គ្រាន់​តែ​ជា​មុខ​នាទី​មួយ​ប៉ុណ្ណោះ។ អ្នក​ប្រហែល​ជា​មិន​មាន​មោទនភាព​ជា​មួយ​នឹង​នាទី​នេះ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​ស្រី អ្នក​ស្រី​បា​និយាយ​ថា វា​ពិត​ជា​មាន​មោទន​ភាព​ណាស់​ក្នុង​ការ​បំពេញ​តួនាទី​នេះ។

តាម​ពិត គាត់​ ជា​អ្នក​ស្រី​ ទេព​ វន្នី ដែល​ជា​សកម្ម​ជន​ដី​ធ្លី និង​ជា​តំណាង​អ្នក​ភូមិ​បឹងកក់​ ដែល​តែង​តែ​ដើរ​តវ៉ា តាម​ដង​ផ្លូវ ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ជូន​សហគមន៍​អ្នក​ស្រី។

គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក នាខែ​មេសា​ខាង​មុខ​នេះ ដើ​ម្បី​ទៅ​ទទួល​ពាន​រង្វាន់​មួយ​ឈ្មោះ​ថា «ពាន​រង្វាន់​ភាព​ជា​អ្នក​ដឹក​នាំ​ពិភព​លោក» ។ ក្រៅ​ពី​នេះ អ្នក​ស្រី​ ធ្លាប់​បាន​ត្រូ​វ​គេ​អញ្ចើញ​ទៅ​ប្រទេស​សង្ហបុរី និង​ប្រទេស​ថៃផង​ដែរ​។

កើត​ឆ្នាំ​១៩៨១ នៅ​ក្នុង​គ្រួសារ​មួយ​ នៅ​​​ខេត្ត​កំពត​ ​​ អ្នក​ស្រី​ទេព​ វន្នី មាន​បង​ប្អូនចំនួន​ប្រាំ​បួន​នាក់​ ហើយ​អ្នក​ស្រី​ជា​កូន​ជា​ប្រាំ​។ ពេល​សួរ​ថា តើ​កាល​ពី​នៅ​ក្មេង​ អ្នក​ស្រី​​ចូល​ចិត្ត​អ្វីដែរ? ភ្លាម​នោះ អ្នក​ស្រី​បាន​រត់​ទ្រេ សម្តៅ​ទៅ​ក្នុ​ងបន្ទប់​អ្នក​ស្រី ហើយ​បាន​នាំ​យក​ ផ្ទាំង​គំនូរ​បី​ផ្ទាំង​មក​ជា​មួយ។ និយាយ​ទាំង​មុខ​ញឹម​ៗ អ្នក​ស្រី​ បាន​និយាយ​ប្រាប់​ថា អ្នកស្រី​ចូល​ចិត្ត​គូរ​គំនូរ​បែ​ប​ទេស​ភាព​ជន​បទ ក្រៅ​ពី​នេះ​អ្នកស្រី​ចូល​ចិត្ត​ច្រៀង​ផងដែរ ហើយ​តារា​ដែល​គាត់​តែ​ង​ច្រៀង​តាម​នោះ​គឺ អ្នក​ស្រី​ប៉ែន​ រ៉ន។

កាល​ពី​នៅ​រៀន អ្នក​ស្រី​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​មេធាវី​ម្នាក់ ដោយ​គាត់​យល់​ថា៖ «​បើ​ខ្ញុំ​កា្លយ​ជា​មេធាវី ដែល​មាន​សមត្ថភាព​ម្នាក់​ ខ្ញុំ​អាច​ជួយ​អ្នក​ក្រ​បាន​ច្រើន»។ ក៏​ប៉ុន្តែ​ក្តី​បំណង​ត្រូវ​បាន​រលាយដូច​ទៀន​ត្រូវ​ថ្ងៃ ត្បិ​ត​អីស្ថាន​ភាព​ជីវភាព​គ្រួសារ​មិន​អំណោ​យ​ផល​ឱ្យ​។ អ្នក​ស្រី​បាន​បន្ត​ទាំ​ងទឹក​មុខ​ស្រងូត​ស្រងាត់​ថា៖ «ខ្ញុំ​មាន​ការ​ស្តាយ​មិន​បាន​រៀន​ចប់​ ហើយ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ខ្ញុំ​​មិន​បាន​រៀន»។​

ដោយសារ​តែ​ ស្ថាន​ភាព​គ្រួសារ​ជួប​ការ​ខ្វះ​ខាត​ខ្លាំង​ពេក អ្នក​ស្រី​ បាន​សម្រេច​បោះ​បង់​ការសិក្សា ត្រឹម​ថ្នាក់​ទី​៥ ដោយគាត់​​បាន​ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំពេញ ដើម្បី​រក​ប្រាក់​ជួយ​ផ្គត់​ផ្គង់​គ្រួសារ។ កាល​ណោះ​ អ្នក​ស្រី​ បាន​ធ្វើ​ជា​អ្នក​ចែក​សន្លឹក​បៀរ នៅ​ក្នុង​កាស៊ី​ណូ​មួយ។ នៅ​កាស៊ី​ណូ​នោះ​ហើយ​ ដែល​អ្នក​ស្រី​បាន​ជួប​បុរស​ម្នាក់ ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ស្វាមី​អ្នក​ស្រី។ គាត់​បាន​ប្រសូត​បុត្រ​ ស្រីច្បង​ម្នាក់ និង​ប្រុស​ពៅ​ម្នាក់។

ស្រ្តី​ម្នាក់​កំពុង​អង្គុយ​លើ​គ្រែ​ឈើ​ខា​ង​មុខផ្ទះ ​ជា​អ្នកដែល​តែង​ដើរ​តវ៉ា​ជាមួយនឹងអ្នកស្រី​វន្នីនោះ គាត់​បាន​រៀប​រាប់​ពី​អត្ត​ចរិត​របស់​អ្នកស្រី​វន្នីថា៖​ «​គេ​ជា​មនុស្ស​ដែល​ឧស្សា​ហ៍​ព្យាយាម​ តស៊ូ ចូល​ចិត្ត​ជូយ​អ្ន​ក​ដទៃ និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់។ គេ​តែង​តែ​ពិភាក្សា​ជាមួយ​ពួក​យើង​មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​អី្វមួយ​»។

អ្នក​ស្រី​ ទេព​ វន្នី មាន​នាទី​មួយ​សម្រាប់​សហគមន៍​ គឺ​រក​វិធី​ក្នុង​ការ​ដើរ​តវ៉ា ដើម្បី​ដើរ​ដាក់​​ញត្តិ​ ទៅ​ប្រមុខ​រដ្ឋ​ភិបាល ស្ថាប័ន​រដ្ឋ អង្គការ​សង្គម​ស៊ី​វិល និង​ស្ថានទូត​នានា ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ​ដល់​សហគមន៍​។

កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០០៧ សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ប្រកាល​ថា ខ្លួន​បាន​ផ្តល់​ដី​ ចំនួន​៩៩ឆ្នាំ​ ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​​អភិវឌ្ឍន៍​ឈ្មោះ ស៊ុកាគុ អ៊ីន ដើម្បី​អភិ​វឌ្ឍ​ទី​ក្រុង។

ភ្លាម​ៗ​នោះ​ អ្នក​ភូមិ​បឹង​កក់ នឹង​សិទ្ធិ​មនុស្ស​នានា​ បាន​សាទរ​ចំពោះ​គម្រោង​អភិ​វឌ្ឍន៍​នេះ​ ដោយ​ពួកគេសង្ឃឹម​ថា វា​នឹង​ជួយ​ធ្វើ​ឱ្យ​ជី​វភាព​ប្រជាជន​នៅ​តំបន់​នេះ​បាន​ប្រសើរ​ឡើង ហើយ​ទីក្រុ​ងនឹង​តំបន់នេះ​នឹងរីក​ចម្រើន​។

សកម្មភាព​អភិ​វឌ្ឍន៍​ក៏​បាន​ចាប់​ផ្តើម​ តាម​រយៈការ​បូម​ខ្សាច់​ចាក់​បំពេញ​បឹង នៅ​ក្នុង​ខែ​សីហា​២០០៨។ សាលា​ក្រុ​ង​ បាន​ផ្តល់​សំណង​ដល់​ប្រជាជន​ ជា​ទឹក​ប្រាក់​៨ ៥០០​ដុល្លារ ឬ​ក៏​ផ្លាស់​ប្តូរ​ទី​លំនៅ​ ទៅ​ដំនាក់​ត្រយឹង ដែល​មាន​ចម្ងាយ​២០ គីឡូម៉ែត​ពី​ភ្នំ​ពេញ ឬ​ក៏​ការ​អភិ​វឌ្ឍ​នៅ​នឹង​កន្លែង។

ប្រជាជន​ភាគ​ច្រើន​ ចង់​បាន​សំណង់​ជា​ការអភិ​វឌ្ឍ​នៅ​នឹង​កន្លែង ដោយ​គេ​យល់​ថា តំបន់​បឹង​កក់​ជា​តំបន់​កណ្តាល​ទី​ក្រុង មាន​ផ្សារ សាលារៀន និង​មន្ទីរ​ពេទ្យ ងាយ​ស្រួល​រស់នៅ និង​រកស៊ី។

ក៏​ប៉ុន្តែ សាលាក្រុងមិន​ចង់​ផ្តល់​​​ការ​អភិ​វឌ្ឍ​នៅ​នឹង​កន្លែង ដែល​មនុស្ស​ជា​បាន​ជ្រើសរើស​នោះ​ទេ ផ្ទុ​យ​ទៅ​វិញ ពួកគេ​បាន​ទទួល​ការ​ឈូស​ឆាយ​ផ្ទះ​ពី​សាលា​ក្រុង​។

ដើម្បី ជំរុញឱ្យ​រដ្ឋាភិបាល ដោះ​ស្រាយ​​បញ្ហា​នេះ​ដល់​ពួក​គេ សហគមន៍​បឹង​កក់​ក៏​បាន​ចាប់​ផ្តើម ធ្វើ​ការ​តវ៉ា​ ដោយ​អំពាវ​នាវ​ឱ្យ​ប្រមុខរដ្ឋាភិ​បាល​កម្ពុជា និង​បណ្តា​ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​ដល់​ពួកគេ។

ប្រសិន​បើ​ អ្នក​បានទៅ​ដល់​ផ្ទះ​របស់​អ្នក​ស្រី​ នោះ​អ្នក​នឹង​ឃើញ​​រូប​ថត​ជា​ច្រើន​ដែល​ព្យួរ​តាម​ជញ្ជាំង​ផ្ទះ ដែល​រូប​ទាំង​នោះ​សុទ្ធ​សឹង​បាន​ពិពណ៌នា​ពី​ សកម្ម​ភាព​របស់​អ្នក​ភូមិ​ដែល​ដើ​រ​តវ៉ា។

អ្នក​ស្រី​បាន​ចូល​រួម​ដើរ​តវ៉ា​ ជាមួយ​អ្នក​ភូមិ​ដទៃ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១០ ហើយ​អ្នក​ក៏​ដឹង​ច្បាស់​ថា​វា​គឺ​ជា​ប្រឈម​នឹង​គ្រោះ​ថា្នក់​មួយ។ ក្រឡេក​ទៅ​មើលដី​ខ្សាច់​ដែល​ត្រូវ​បាន​បូម​ចាក់​បំពេញ​បឹង​កក់​ អ្នក​ស្រី​​ទេព​ វន្នី បាន​​រៀប​រាប់​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា៖ «ប្រសិន​បើ​ ខ្ញុំ​មាន​សំណាង​ល្អ​ ខ្ញុំ​អាច​មាន​ឱកាសរស់​នៅ​បាន​យូរ តែ​បើ​ សំណាង​មិន​ល្អ​កើត​ឡើង​លើ​ខ្ញុំ​វិញ​នោះ ខ្ញុំ​ច្បាស់​នឹង​ប្រឈម​នឹង​ការ​វាយ»។

គាត់​ បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ចំនួន​ប្រាំ​លើក​រួច​មក​ហើយ ហើយ​ធ្លាប់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួននៅ​ពន្ធ​នាគារ​ព្រៃ​ស​ម្តង។ គាត់​ បាននិយាយ​ថា៖ «ប៉ុន្តែ​ វា​មិន​មែន​ជា​ឧបសគ្គ​បញ្ឈប់​ខ្ញុំ​ឱ្យ​ដើរ​តវ៉ា​នោះ​ទេ ត្បិត​ខ្ញុំ​បាន​បេ្តជ្ញា​ចិត្ត​ថា​នឹង​ធ្វើ​វា​ហើយ»។ ប្រសិន​បើ យើង​មិន​ជួយ​ខ្លួន​យើង គ្មាន​អ្នក​ណា​អាច​ជួយ​យើង​បាន​នោះ​ទេ។ បើ យើង​មិន​ធ្វើ​នៅ​ពេល​នេះ​ទេ កូនៗ​របស់​យើង​នឹង​រងគ្រោះ​នៅ​ថ្ងៃ​ក្រោយ»។

អ្វី​ដែ​ល​តែង​តែ​ជំរុញ​​អ្នក​ស្រី​​នៅ​តែ​បន្ត​ធ្វើ​មិន​រុញ​រា​នោះ​គឺ ភាព​គ្មាន​កំហុស។ « យើង​ មិន​បាន​ទៅប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ឬ​ក៏​ទៅ​ប្រឆាំង​នឹ​ងរដ្ឋាភិបាល ប្រើប្រាស់សកម្ម​​ហិង្សាក្នុងការ​តវ៉ា ឬ​ទៅ​លួច​របស់​អ្នក​ណា ហើយ​ក៏​មិន​បាន​ទៅ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អី​ដែរ គឺ​យើ​​ង​អនុវត្ត​តាម​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ​ ជា​អ្វី​ដែ​ល​យើង​គួរ​ទទួល​បាន»។ នេះ​ជាការ​លើក​ឡើង​របស់​ អ្នកស្រី វន្នី។ គាត់​បន្ត​ថា៖ «​នៅ​ពេល​ដែល​យើង​ដឹង​ថា​យើង​មិន​ធ្វើ​ខុស​នោះ វា​ដូច​ជា​កម្លាំងអរូបី​​មក​ប្រាប់​យើង​ថា កុំ​ឱ្យ​ខ្លាច។ យើង​នឹង​បន្ត​តវ៉ា ទោះ​បី​បើ​អាជ្ញាធរ​ព្យាយាម​ទប់​ស្កាត់​ពួក​យើង។ យើ​ង​មិន​ខ្លាច​ការ​ចាប់​ចង​នោះ​ទេ តែ​យើង​ខ្លាច​ភាព​អយុត្តិធម៌ និង​គ្មាន​ផ្ទះ​សំបែង»។

ចាប់​តាំង​ពី​បាន​ចូល​រួម​នឹងការ​តវ៉ា​សម្រាប់​សហគមន៍​បឹង​កក់​មក​ អ្នក​ស្រី​បាន​ថ្លែង​ឱ្យ​ដឹង ជីវិត​អ្នក​ស្រី​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ កាល​ពី​មុន​​មិន​ទាន់​មាន​ការ​ផ្តល់​ដី​ទៅ​ក្រុម​ហ៊ុន គាត់​តែ​ង​ចំណាយ​ពេល​ សម្រាប់​ការ​គិត​គូរ​ធ្វើ​យ៉ា​ងណា​ធ្វើ​​ឱ្យ​ការ​រកស៊ី​បាន​ចំណេញ​ច្រើន និង​គិត​យ៉ាង​ណា​ដើម្បី​ឱ្យ​កូន​គាត់​បាន​ទៅ​រៀន​នៅ​សាលា​ល្អៗ។ ​ឥឡូវ គាត់​​មិន​ធ្វើ​បែប​នេះ​ដូច​មុន​ទៀត​ទេ ដោយ​គាត់​​មាន​តួនាទី​មួយ​គឺ​រក​វិធី​សាស្ត្រ​​តវ៉ា​ធ្វើ​យ៉ាង​ណាឱ្យ​​មាន​ដំណោះស្រាយ។ អ្នកស្រី​​ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ ដេក​ទាំង​បារម្ភ​ និង​ភ័យ​ខ្លាច។ ចាប់តាំង​ពី​ខ្ញុំ​ បាន​ដើរ​តវ៉ា​មក​ ខ្ញុំ​បាន​បាត់​បង់​អស់​ហើយ​តួនាទី​ជាស្រ្តី​មេផ្ទះ»។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​ ហ៊ុន សែន បាន​សម្រេច​​ផ្តល់​ដី​ទំហំ​១២.៤៤ ហិចតា ដល់​អ្នក​ភូមិ​ដែល​ទទួល​យក​ការ​អភិ​វឌ្ឍ​នៅ​នឹង​កន្លែង។

អ្នក​ភូមិ​បឹង​កក់ មានការ​សប្បាយ​រីករាយ​នឹង​ការសម្រេ​ច​នេះ។ អ្នក​ស្រី​ វន្នី​​ តំណាង​អ្នកភូមិ​ បាន​និយាយថា៖ «មនុស្ស​ជាច្រើន​​ បាន​យល់​ថានេះ​គឺ​ជាជោគជ័យដំបូង​នៃ​ការ​តវ៉ា​។ វា​គឺ​ជា​បទ​ពិសោធ និង​ជា​តឧទាហរណ៍ដ៏​ល្អ​មួយ សម្រាប់​សហគមន៍​ដទៃ​ទៀត​»។

ទោះ​បី​ជា​យ៉ាង​ណាក្តី អ្នក​ភូមិ​បឹងកក់​មិន​បាន​ឈប់​សកម្ម​ភាព​តវ៉ា​របស់​ទេ ដោយ​ពួកគេ​អះអាង​ថា តំបន់​ដែល​បាន​សម្រេច​ផ្តល់​ឱ្យ​ដល់​ពួកគេ​នោះ មិន​មាន​លក្ខណៈច្បាស់​លាស់ ថា​នៅ​ត្រង់​ណា​ឱ្យ​ច្បាស់​នោះ​ទេ។

អ្នក​ស្រី​ វន្នី​ បាន​បេ្តជ្ញា​ថា នឹង​បន្ត​តវ៉ា​តទៅ​ទៀត​ដើម្បី​ឱ្យ​រដ្ឋាភិបាល ផ្តល់​ដំណោះស្រាយ​ដល់​ពួកគេ។​ ដំណោះ​ស្រាយ​ដែល​សហគមន៍​ ទាម​ទារ​នោះ មាន​ស្នើ​សុំ​បញ្ជាក់ឱ្យ​បាន​ច្បាស់លាស់​ទីតាំង​ដី​១២.៤៤ ហិចតា​នោះ​ និងស្នើ​ឱ្យ​​​ដោះលែង​អ្នក​ស្រី យោម​ បុប្ផា ព្រម​ទាំង​ផ្តល់​បណ្ណកម្មសិទ្ធិដី​ធ្លី ដល់​ប្រជាជន​ប្រមាណ​ជាង​៦០​គ្រួសារ។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស នៃ​អង្គការ​សិទ្ធិ​មនុស្ស​លី​កាដូ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សាទរ​ទៅ​នឹង​សេក្តី​សម្រេច​របស់​ប្រមុខ​រដ្ឋា​ភិបាល​ដែល​បាន​ផ្តល់​ដី​១២.៤៤ ហិចតានេះ ដល់​ប្រជាជន​សហគមន៍។ តែ​គាត់​បាន​ផ្តល់​យោបល់​ថា៖ «រឿង​អ្វី​ដែល​សំខាន់​នោះ​គឹ​ថា អាជ្ញាធរ​គប្បី​បង្ហាញ​ឱ្យ​បាន​ច្បាស់​លាស់​នូវ​ទី​តាំង​ដី​នេះ​»។ លោក បាន​ព្រមាន​ថា៖ «​ប្រសិន​បើ​គ្មានការ​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ វា​នឹង​អាច​មាន​បញ្ហានៅ​ពេល​ក្រោយ​ ដោយ​ក្រុមហ៊ុន​នៅ​តែ​បន្ត​រំលោភ​យក​ដី​ប្រជាពល​រដ្ឋ​ដដែល​»។

អ្នក​ស្រី ទេព វន្នី បាន​ប្រាប់​ថា៖ «​ប្រសិន​បើ​ យើ​ង​ទទួល​បាន​ដំណោះស្រាយ​នោះ នោះ​យើង​នឹង​មិន​ដើរ​តវ៉ា​ទេ»។ អ្នក​ស្រី​បន្តថា៖ «​ខ្ញុំ​នឹង​លះ​បង់​ជីវិត​ខ្ញុំ​ ដើម្បី​ទាមទារ​យុត្តិ​ធម៌មក​ជូន​បឹងកក់​។ រដ្ឋាភិបាល​ អា​ចផ្តួល​រំលំ​ខ្មែរ​ក្រហម​បាន ហើយ​រដ្ឋាភិបាល​ក៏​អាច​ដោះស្រាយ​បញ្ហាដី​ធ្លី​បាន​ដែរ»៕​

 

 

បានផ្សាយ​ក្នុង សង្គម | បានដាក់ពាក្យ​គន្លឹះ , , , , , , | បញ្ចេញមតិ

ជំងឺផ្តាសាយបក្សី សម្លាប់ក្មេងម្នាក់

Image

ការ​ដឹក​ជញ្ជូន​សត្វ​បក្សី​ ដោយ​គ្មានការពារ​វេច​ខ្ចប់​ត្រឹម​ត្រូវ ប្រឈម​នឹង​ការ​ចម្លង​ជំងឺ​ផ្តាសាយ​បក្សី។ រូបថត WHO Cambodia

ក្មេង​ប្រុស​ម្នាក់​​បាន​ស្លាប់ និង​ម្នាក់​ទៀតកំពុង​ស្ថិត​ក្នុង​ការ​តាមដាន បន្ទាប់​ពី​ពួកគេ​បាន​ឆ្លង​វីរុស​ជំងឺ​ផ្តាសាយ​បក្សី។

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក បាន​ប្រកាស​ឱ្យ​ដឹងថា ករណី​កុមារា​អាយុ​១១ឆ្នាំដែល​បាន​ស្លាប់​នោះ​ បាន​កើត​ឡើង​នៅ​ខេត្ត​កំពង់​ឆ្នាំង ចំណែក​កុមារា​អាយុ​៨ឆ្នាំ ដែល​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​របស់​គ្រូពេទ្យនោះ រស់​នៅ​ខេត្ត​កណ្តាល។

សូម​បញ្ជាក់ថា នេះ​ជា​ករណី​ទី​៧ និង​ទី​៨​ហើយ នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​ផ្តាសាយ​បក្សី នៅ​ដើម​ឆ្នាំ​២០១៤​នេះ។

ក្រសួង​សុខាភិបាល បាន​បង្ហាញ​ថា កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈកន្លង​ទៅ មាន​សត្វ​បក្សី ប្រមាណ​៣​ភាគ​៤ បានស្លាប់​នៅ​ក្នុង​ភូមិ​ស្ពាន​ដែក ស្រុក​លើកដែក ខេត្ត​កណ្តាល។

នៅប្រទេស​កម្ពុជា ជំងឺ​ផ្តាសាយ​បក្សី  បាន​កើតឡើងចំនួន​៥៥​ករណី​ហើយ។

ជំងឺ​នេះឆ្លង​រាលដាល​ពី​សត្វ​ស្លាបមក​មនុស្ស តាមរយៈ​ការប៉ះ​ពាល់​ដោយ​ផ្ទាល់។ ក៏​ប៉ុន្តែ ថ្មី​ៗ​នេះ អ្នក​ជំនាញ បាន​ព្រមាន​ថា វា​អាច​ចម្លង​មក​មនុស្ស កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ ដែល​អាច​ឈាន​ដល់​ការ​រាត​ត្បាត​នៅ​ទូទាំង​ប្រទេស រហូត​ដល់​ពិភព​លោក​៕​

បានផ្សាយ​ក្នុង សង្គម | បានដាក់ពាក្យ​គន្លឹះ , , , , , | បញ្ចេញមតិ